ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នូវគោលជំហរសន្តិភាព ទន្ទឹមគ្នានឹងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិ។

នេះតាមលោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។

ក្នុងជំនួបទ្វេភាគីរវាង ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោកឧបនាយករដ្ឋមន្រ្តី ស សុខា ភាគីទាំងពីរ ក៏បានពិភាក្សា និងប្ដូរយោបល់គ្នាអំពីសភាពការណ៍ប្រទេសរៀងៗខ្លួន សភាពការណ៍តំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធ ព្រមទាំងពិនិត្យឡើងវិញនូវបច្ចុប្បន្នភាពនៃការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ដើម្បីជំរុញ និងជួយជ្រោមជ្រែងការអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលផ្លែផ្កា ស្របតាមការព្រមព្រៀង។ 

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានគូសបញ្ជាក់ជាថ្មីទៀតនូវគុណតម្លៃនៃភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី។ 

ដោយឡែកក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ភាគីឡាវ បានឯកភាពគ្នាខ្ពស់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាទាំងការចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។ 

ក្នុងឱកាសនោះដែរ បើតាមលោក រ៉េន រតនៈ, ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំការយោគយល់ចំពោះការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃកម្ពុជា លើកពេលទទួលរៀបចំកិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្រ្តី លើកទី២ ដោយសារភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ