សមត្ថកិច្ចចម្រុះ សម្រេចដុតកម្ទេចចោល នូវទំនិញខូចគុណភាពជាង ៥តោន ដែលនាំចូលពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅចំនួន ៤រថយន្ត
ព្រះវិហារ ៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃ ចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។
ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ការត្រួតពិនិត្យទំនិញនៅក្នុងរថយន្តទាំង៤គ្រឿងនាពេលនេះ ឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម៖
ទី១៖ កោះមាន់ ចំនួន ២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាម
ទី២៖ ស្លាបមាន់ ចំនួន ៤៥កេស ស្មើនឹង ៥៤០គីឡូក្រាម
ទី៣៖ ត្រីកន្ធរ ចំនួន ១០០ការុង ស្មើនឹង ២០០០គីឡូក្រាម
ទី៤៖ នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម។ ទំនិញដែលត្រូវរឹបអូស ហើយដុតកម្ទេច៤មុខខាងលើសរុបទម្ងន់៥០១៤០គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់។
សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធា និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥៕