ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ថា នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ។

ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា បន្ដថា វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ!

ប្រមុខក្រសួងមហាផ្ទៃ បន្ថែមថា ទោះជាសម្ដីនេះ ដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃ មួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃ មួយអន្លើណានោះ បច្ចុប្បន្នគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជា ជាមុន ដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ។ ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃ បច្ចុប្បន្នមួយចំនួននោះ ក៏គួរឆ្លាត ចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ 

ប្រមុខក្រសួងមហាផ្ទៃ បន្ដទៀតថា មែនទែនទៅ យុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃ បានចេញសារតាមបណ្ដាញសង្គមរួចទៅហើយ ទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថាខ្លាំង ដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ ដែលសុំរំលេចតែ លោក ស៊ិនធិលឹមថងគុល ជាអ្នកនយោបាយស្និទនឹងលោក ថាក់ស៊ីន ចាកចេញពីគណបក្សភើថៃ ទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះ ដែលថ្មីៗនេះ បានផ្ដល់បទសម្ភាសតាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ