សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕