គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍គួរតែមានទំនាក់ទំនងទ្វេភាគីក្រៅផ្លូវការជាមួយមីយ៉ាន់ម៉ា ដើម្បីជួយដោះស្រាយវិបត្តិក្នុងប្រទេសនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ កក្កដា ២០២៣។
លោក អាន់វ៉ា បាននិយាយថា លោក និងលោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជុនៀ ដែលធ្វើដំណើរទស្សនកិច្ចទៅម៉ាឡេស៊ី បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាអំពីតម្រូវការពង្រឹងតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើការបញ្ចប់អំពើហិង្សា ដែលបានចាប់ផ្តើមបន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈឆ្នាំ ២០២១។
ក្នុងពេលជាមួយគ្នានេះ លោក អាន់វ៉ា បាននិយាយថា ប្រទេសជិតខាងគ្នាគួរតែមាន «ភាពបត់បែន» និង «ឱកាស» មួយចំនួន ដើម្បីចូលរួមជាមួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហាក្រៅផ្លូវការ។ យ៉ាងណាមិញ លោកបាននិយាយថា ការចូលរួមទាំងនោះមិនត្រូវកើតឡើង ដោយមិនគិតគូរពីបញ្ហាសិទ្ធិមនុស្ស និងការបៀតបៀនចំពោះក្រុមជនជាតិភាគតិច ដូចជាជនជាតិរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាអ៊ិស្លាមនោះទេ។
ក្នុងសន្និសីទកាសែតរួមជាមួយលោក អាន់វ៉ា កាលពីថ្ងៃពុធ លោក ម៉ាកូស មិនបាននិយាយចំឈ្មោះមីយ៉ាន់ម៉ាន៉ទេ ប៉ុន្តែលោកបានយល់ស្របថា ប្រទេសនានាគួរតែអាចប្រើប្រាស់ទំនាក់ទំនងទ្វេភាគី ដើម្បីដោះស្រាយបញ្ហា។
លោកថ្លែងថា «ខ្ញុំគិតថា នេះនឹងក្លាយជាទិដ្ឋភាពសំខាន់មួយ ចំពោះបញ្ហាទាំងអស់ដែលអាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងចំពោះបញ្ហាទាំងអស់ដែលរដ្ឋជាសមាជិកកំពុងព្រួយបារម្ភនាពេលនេះ»។
គួរបញ្ជាក់ថា រដ្ឋអាស៊ានមួយចំនួន រួមទាំងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្លុកបច្ចុប្បន្ន មានការខកចិត្តចំពោះការមិនសហការរបស់មីយ៉ាន់ម៉ា ក្នុងការអនុវត្តផែនការសន្តិភាពបង្កើតឡើងនៅឆ្នាំ ២០២១ ដើម្បីបញ្ចប់អំពើហិង្សាជាបន្ទាន់ និងបើកផ្លូវកិច្ចសន្ទនាដោះស្រាយជម្លោះ។ ប្លុកដែលមានសមាជិកទាំង ១០ បានហាមប្រាម មន្រ្តីយោធាមីយ៉ាន់ម៉ា មិនឱ្យចូលរួមកិច្ចប្រជុំអាស៊ាន៕