មេដឹកនាំរុស្ស៊ីថា បើកចំហចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅ
មូស្គូ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីជំរុញការវិលត្រឡប់ទៅកាន់គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅ តែលោកក៏បានទាមទារឲ្យមានការការដកទណ្ឌកម្មជាចម្បងលើការនាំចេញ និងបច្ចេកវិទ្យាកសិកម្មរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៥ កញ្ញា ២០២៣។
ការអត្ថាធិប្បាយរបស់លោកពូទីនេះបែបនេះបាន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចចរចាទ្វេភាគី រវាងថ្នាក់ដឹកនាំរុស្សី និងសមភាគីប្រទេសទួកគី ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងលោកពូទីន និងប្រធានាធិបតីប្រទេសទួកគី លោក Recep Tayyip Erdogan ទទូចថា ពួកគេនឹងបន្តផែនការអនុវត្តគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយ ដើម្បីផ្តល់ដោយផ្ទាល់នូវគ្រាប់ធញ្ញជាតិរាប់ម៉ឺនតោន ទៅកាន់ប្រទេសចំនួនប្រាំមួយ នៅអាហ្វ្រិក។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរបស់ពួកគេ នៅរមណីយដ្ឋានសមុទ្រខ្មៅ នៃទីក្រុង Sochi ប្រទេសរុស្ស៊ីថា លោក ពូទីន បានប្រាប់ លោក Erdogan ថា លោកសង្ឃឹមថា នឹងបញ្ចប់កិច្ចពិភាក្សាស្តីពីមជ្ឈមណ្ឌលឧស្ម័នធម្មជាតិ នៅក្នុងប្រទេសតួកគី ហើយបាននិយាយថាពួកគេក៏នឹងពិភាក្សា អំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិផងដែរ។ លោកប្រធានាធិបតីតួកគី Erdogan បាននិយាយថា ពិភពលោកកំពុងរង់ចាំព័ត៌មានស្តីពីបញ្ហាច្រករបៀងគ្រាប់ធញ្ញជាតិ។
គួរបញ្ជាក់ថា រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅកាលពីខែកក្កដា ដោយត្អូញត្អែរថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួនត្រូវបានរារាំង ហើយគ្រាប់ធញ្ញជាតិអ៊ុយក្រែន ក៏មិនបានទៅដល់ប្រទេសដែលមានតម្រូវការពិតប្រាកដដែរ៕