ក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានធានាដល់សមភាគីអ៊ីស្រាអែល អំពីការគាំទ្រយ៉ាងរឹងមាំរបស់ទីក្រុងឡុងដ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃ០៩ តុលា ២០២៣។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា “យើងឈរជាមួយអ៊ីស្រាអែល”។ នៅក្នុងបទសម្ភាសន៍មួយ លោក ស៊ូណាក់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ ដើម្បីផ្តល់ការធានាទៅកាន់គាត់ អំពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់អង់គ្លេសចំពោះអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលការពារខ្លួនប្រឆាំងនឹងការវាយប្រហារដ៏គួរឱ្យភ័យខ្លាចពីក្រុមហាម៉ាស់។

យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីជួយអ៊ីស្រាអែល ហើយអំពើភេរវកម្មនឹងបរាជ័យ។ លោក ស៊ូណាក់ បានបន្ថែមទៀតថា អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រ មិនថាជាការគាំទ្រផ្នែកការទូត ឬសន្តិសុខ ហើយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ណឺតាន់យ៉ាហ៊ូ ក៏បានដឹងដែរថា យើងនៅទីនេះ ហើយត្រៀមខ្លួនជួយ។

បើតាមសេចក្តីរាយការណ៍ មានជនជាតិអង់គ្លេសម្នាក់ដែលកំពុងបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែលបានស្លាប់ នៅក្នុងការវាយលុករបស់ក្រុមហាម៉ាស់ ខណៈដែលជនជាតិអង់គ្លេសពីរនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ