អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំពិភពលោកទាំង ១៦ ប្រទេសផ្សេងទៀត កាលពីថ្ងៃអាទិត្យបានពិភាក្សាអំពីសកម្មភាពដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ក្នុងការប្រឈមមុខនឹងវិបត្តិសុខភាពនាពេលអនាគត ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងសូម្បីតែការវាយប្រហារដែលបានគ្រោងទុកមុន។

បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានលេចឡើងនៅពេលដែលសេដ្ឋកិច្ចពិភពលោកបានដកខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាត និងគំរាមកំហែងដល់ការងើបឡើងវិញយ៉ាងយឺតៗ។ បញ្ហាទាំងនេះបានបង្កជាអតិផរណារួចទៅហើយ។

លោក បៃដិន បានប្រាប់មេដឹកនាំពិភពលោកនៅឯខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ថា "យើងត្រូវចាត់វិធានការឥឡូវនេះ រួមជាមួយនឹងដៃគូរបស់យើងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយការថយក្រោយដែលយើងកំពុងប្រឈមមុខ។ ហើយបន្ទាប់មក យើងត្រូវការពារកុំអោយមានបញ្ហានេះកើតឡើងម្តងទៀតនាពេលអនាគត ។

ជាងនេះទៅទៀត លោក បៃដិន បានបន្ថែមថា "ឥឡូវនេះ យើងបានឃើញពីរបៀបដែលខ្សែពាណិជ្ជកម្មសកលទាំងនេះងាយរងគ្រោះ យើងមិនអាចត្រឡប់ទៅរកអាជីវកម្មដូចធម្មតាបានទេ។ ជំងឺរាតត្បាតនេះនឹងមិនមែនជាវិបត្តិសុខភាពសកលចុងក្រោយដែលយើងប្រឈមមុខនោះទេ។យើងក៏ត្រូវបង្កើនភាពធន់របស់យើងក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងសូម្បីតែការវាយប្រហារដែលបានគ្រោងទុកទៀតផង”។

ក្រៅពីសហរដ្ឋអាមេរិក មេដឹកនាំ និងអ្នកតំណាងមកពីសហភាពអឺរ៉ុប អូស្ត្រាលី អង់គ្លេស កាណាដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ឥណ្ឌា អ៊ីតាលី ជប៉ុន ម៉ិកស៊ិក ហូឡង់ សាធារណរដ្ឋកូរ៉េ សិង្ហបុរី និងអេស្បាញ ក៏បានចូលរួមចំណែកក្នុងកិច្ចប្រជុំនេះផងដែរ។

យ៉ាងណាម៉ិញ សេតវិមានដែលបានសរសេរសេចក្តីសង្ខេបនៃកិច្ចពិភាក្សាដោយបាននិយាយថា ប្រទេសនានាបានសម្តែងឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ឡើងវិញ។ ពួកគេបានយល់ព្រមធ្វើការឱ្យកាន់តែមានតម្លាភាព និងការចែករំលែកព័ត៌មានរវាងប្រទេសនានា និងលើតម្រូវការ ដើម្បីឱ្យមានអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបានច្រើនទៅលើ វត្ថុធាតុដើម ទំនិញកម្រិតមធ្យម និងផលិតផលសម្រេច។

គួររំលឹកថា មេដឹកនាំនានាក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសន្តិសុខ ជាពិសេសនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងសម្រាប់លក្ខខណ្ឌការងារប្រកបដោយយុត្តិធម៌ និងនិរន្តរភាព ហើយបាននិយាយថា ពួកគេនឹងធ្វើការជាមួយវិស័យឯកជនដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ