អាមេរិក ៖ចៅក្រមអាម៉េរិកដ៏ល្បីល្បាញម្នាក់គឺលោក Frank Caprio បានទទួលមរណភាពនៅអាយុ ៨៨ឆ្នាំ ដោយសារជំងឺមហារីកលំពែង។លោក Frank Caprio មិនត្រឹមតែជាចៅក្រមធម្មតានោះទេ ប៉ុន្តែលោកគឺជាបុគ្គលសាធារណៈដ៏ល្បីល្បាញម្នាក់ ដែលបានប្រើប្រាស់តុលាការជាវេទិកាមួយដើម្បីបង្ហាញពីក្តីមេត្តាធម៌ និងការយល់ចិត្ត។ ភាពល្បីល្បាញរបស់លោកបានផុសចេញពីកម្មវិធីទូរទស្សន៍ «Caught in Providence» ដែលបានថតសកម្មភាពរបស់លោកនៅតុលាការក្រុង Providence រដ្ឋ Rhode Island អាម៉េរិក។ វីដេអូជាច្រើនបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកទស្សនារាប់លាននាក់មកពីជុំវិញពិភពលោក។

ក្រៅពីការងារជាចៅក្រម លោក Frank Caprio បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរសធម៌ជាច្រើន។ លោកបានបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនជាច្រើន ដើម្បីជួយដល់សាលារៀន ជនក្រីក្រ និងស្ថាប័ននានាក្នុងតំបន់។ ក្នុងនាមជាអ្នកមានទំនាក់ទំនងល្អជាមួយសប្បុរសជននានា លោកបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌ក្នុងស្រុកមួយចំនួន។

នៅឆ្នាំ២០២៤ លោក Caprio បានប្រកាសពីការចូលនិវត្តន៍របស់លោកពីតំណែងចៅក្រម បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេលជិត ៤០ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្តីស្រឡាញ់ និងការគោរពដែលមនុស្សជុំវិញពិភពលោកមានចំពោះលោកនឹងនៅតែបន្តស្ថិតស្ថេរជារៀងរហូត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ