ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ ជ ប ជ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកស្រី កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ 

បើតាម រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។ 

បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។ 

យោងតាមរបាយការណ៍ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆមាសទី១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ៩៩ករណី ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ គឺថយចុះ ០៥ករណី ស្មើនឹង ៤.៨០%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ