ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងដោយឈរលើសមត្ថភាពពិតរបស់ខ្លួន គឺអ្នកចេះ គឺជាប់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សូមជូនពរក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់។ សម័យប្រឡង ៖ ២៨- ២៩ សីហា ២០២៥»។

សូមរំលឹកថា យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត។ 

ក្រសួងអប់រំ យុវជន និងកីឡា ក៏អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា «បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ