សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យអ្នកលក់ផលិតផលធ្វើឱ្យស្បែកស គិតគូរពីសុខភាពអ្នកប្រើ ហើយបើមិនបានធ្វើបុណ្យទេ កុំយកបាបឱ្យគាត់
កណ្ដាល ៖ សម្ដេចមហាបវរធិបតី ហុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យអ្នកលក់ផលិតផល ធ្វើឲ្យស្បែកសទាំងឡាយ គិតគូរពីបញ្ហាសុខភាព អ្នកប្រើប្រាស់ ហើយបើមិនបានធ្វើបុណ្យទេ កុំយកបាបឲ្យពួកគាត់ជាអ្នកប្រើប្រាស់អី ។
ក្នុងពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ” ខេត្តកណ្តាល នាព្រឹកថ្ងៃ១៣ មីនា សម្ដេចធិបតី មានប្រសាសន៍ថា «អ្នកខ្លះចង់ល្អ ខ្ញុំសុំអារឿងនេះ ខ្ញុំមានកូនទាហានម្នាក់ យក់ទៅពេទ្យសង្គ្រោះបន្ទាន់ ធម្មជាតិម៉ែបង្កើតមកប៉ុណ្ណាយកប៉ុណ្ណឹងទៅ គាត់សម្បុរចង់ស ជាងខ្ញុំផង គាត់ទៅចង់សស្គុះ យកឡេមកលាប ហើយស្បោងមករុំខ្លួនឯង ទាល់តែចុងក្រោយដង្ហក់ខ្លាំង យកទៅពេទ្យមិនចង់ទាន់» ។
សម្ដេចធិបតី បន្តថា «បងប្អូនដែលលក់ផលិតផល សូមគិតគូពីបញ្ហាសុខភាពអ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឲ្យគាត់ ផលិតផលយើងជោគជ័យ ប៉ុន្តែត្រូវទទួលខុសត្រូវ ហើយអ្នកប្រើសូមឲ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ» ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើយើងចង់ស្រកគីឡូ ត្រូវធ្វើការហាត់ប្រាណ ហើយការហាត់ប្រាណនេះ គឺសប្បាយណាស់ គ្រាន់តែមានធុងបាសមួយ ចាក់ភ្លេងរាំកាយវិការ គឺអាចដុតជាតិខ្លាញ់ក្នុងខ្លួនបានហើយ ។
ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព ព្រោះថា សុខភាពនេះ គឺសំខាន់ណាស់៕