សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសផ្ដល់រង្វាន់សម្រាប់រាជធានី-ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអាច អភិបាលរាជធានី-ខេត្ត ឡើងច្រៀងទៀត រឹតតែប្រសើរ។
សម្ដេចធិបតី បានលើកទឹកចិត្តឲ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឲ្យបានច្រើន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ សម្ដេច ក៏បានណែនាំដល់យុវជន កុំលេង ឬធ្វើសកម្មភាពអ្វី បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បើសិនសង្ក្រានឆ្នាំនេះ អត់មានគ្រោះថ្នាក់ចរាចរណ៍ ជាការល្អបំផុត។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ខេត្តមួយៗ ដាក់មើល យកសូចនាករសង្ក្រាន្ដនេះ គ្រោះថ្នាក់ចរាចរណ៍តិចបំផុត ជាការប្រកួតប្រជែងក៏ល្អដែរ។ ហើយខេត្តណា អត់មានគ្រោះថ្នាក់ចរាចរណ៍ គឺមានមានរង្វាន់ពីនាយករដ្ឋមន្ដ្រី»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់យុវជន សូមកុំលេង និងឆ្លៀតឱកាស ធ្វើសកម្មភាពណាដែល ប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេស សេចក្ដីថ្លៃថ្នូររបស់ស្ដ្រី ត្រូវគោរពគ្នា ទៅវិញ ទៅមក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ៕