បរទេស៖ ពិភពលោកជះលុយរហូតដល់ ២.៧២ ពាន់ពាន់លានដុល្លារលើវិស័យយោធាក្នុងឆ្នាំ ២០២៤ កើនឡើងចំនួន ៩.៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ តួលេខនេះហក់ឡើងខ្ពស់បំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ SIPRI បានឱ្យដឹងថា ការដែលពិភពលោកចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យយោធាបែបនេះ មូលហេតុចម្បងគឺដោយសារតែភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជាពិសេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសនានានាំគ្នាបង្កើនការចំណាយលើវិស័យយោធារៀងៗខ្លួន។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងភាពជាអ្នកដឹកនាំស្រពិចស្រពិលនៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះអង្គការ NATO បានជំរុញឱ្យការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងរុស្ស៉ី ស្ទុះឡើងដល់ទៅ ១៧ ភាគរយ តួលេខនេះហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។

យ៉ាងណាមិញ អាមេរិកក៏បង្កើនការចំណាយរហូតដល់ ៩៩៧ ពាន់លានដុល្លារ កើនឡើង ៥.៧ ភាគរយ ឬស្មើនឹង ៦០ ភាគរយនៃការចំណាយយោធាសរុបរបស់អង្គការ NATO និង ៣៧ ភាគរយនៃការចំណាយយោធានៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២៤។ ចំណែករុស្ស៉ីវិញ បានចំណាយលើយោធា ១៤៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ហើយកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០១៥។

គួរបញ្ជាក់ផងដែរថា បើតាមវិទ្យាស្ថាន SIPRI ប្រទេសច្រើនជាង ១០០ ជុំវិញពិភពលោក បានបង្កើនការចំណាយលើវិស័យយោធារៀងខ្លួនៗក្នុងឆ្នាំ ២០២៤ ប្រការនេះត្រូវបានអ្នកជំនាញរំពឹងថា វាអាចនឹងបង្កផលប៉ះពាល់ដល់វិស័យផ្សេងទៀត ជាពិសេសសេដ្ឋកិច្ច និង សង្គមក្នុងរយៈពេលច្រើនឆ្នាំទៅមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ