ឧបនាយករដ្ឋមន្ដ្រី ស សុខា លើកទឹកចិត្តដល់សិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សានៅវៀតណាម កុំបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា។
ការលើកឡើងទឹកចិត្តរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃជាង ២០០នាក់។
បើតាម លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស។
អ្នកនាំពាក្យ បន្តថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកឡើងអំពីសារៈសំខាន់នៃការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពចំណេះជំនាញ ដោយសារតែបច្ចុប្បន្នពិភពលោកមានការប្រឈមមុខស្មុគស្មាញ។ លោក បានរំលឹកជាថ្មីទៀត ឱ្យកងកម្លាំងជាសិក្ខាកាមទាំងអស់ក្នុងឱកាសនៃការសិក្សារៀនសូត្រនៅប្រទេសវៀតណាម ក៏ដូចជាការចេញទៅបំពេញការងារតាមអង្គភាព សូមបន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាលដែលផ្តល់ភាពកក់ក្តៅ ជាទីពឹងពំនាក់សម្រាប់ប្រជាពលរដ្ឋ។
បើតាមអ្នកនាំពាក្យដដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តកងកម្លាំងសិក្ខាកាមទាំងអស់ កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា ពីព្រោះថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងបានណែនាំឱ្យគ្រប់អង្គភាពត្រៀមលក្ខណៈ ផ្តល់ការលើកទឹកចិត្ត រួមទាំងការរក្សាអតីតភាពនៃការរៀនសូត្រសម្រាប់ការស្នើដំឡើងស័ក្ដិតាមតួនាទី៕