កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួលពាណិជ្ជកម្ម ជំរុញគោលដៅពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ប៊ីលានដុល្លារ
ហាណូយ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោក ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅរដ្ឋធានីហាណូយ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តយន្តការ ដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាពនិងពេញលេញ ជាពិសេសការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូក១ អាសិប និងកិច្ចសហប្រតិបត្តិការក្រោមអង្គការពាណិជ្ជកម្មពិភពលោក។
នាឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ គោលដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លារ៕EB