សម្តេចធិបតី ហ៊ុន ម៉ាណែត ហ៊ានភ្នាល់មិនធ្វើនាយករដ្ឋមន្ត្រីទៀតក៏បាន ប្រសិនបើមានភូមិស្រុកណាមួយ នៃខេត្តតាកែវ មិនមានការអភិវឌ្ឍសោះ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីឆ្នាំ៨០ជាងមក ដល់ពេលបច្ចុប្បន្ន នៅមានភូមិស្រុកណាមួយ នៅក្នុងខេត្តតាកែវ គ្មានការអភិវឌ្ឍសោះ សម្តេចមិនជឿសោះឡើយ ហើយហ៊ានភ្នាល់ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ក្នុង៤០ឆ្នាំនេះ ការវិភិវឌ្ឍ អ្នកណាថាកន្លែងនេះ(ខេត្តតាកែវ) ក្រទៅៗ ខ្ញុំហ៊ានភ្នាល់ រើសគ្រប់ខេត្តទៅ ឱ្យទៅកន្លែងណាក៏ដោយ ទៅចង្អុលបង្ហាញឱ្យខ្ញុំ ភូមិណាក៏ដោយនៅខេត្តតាកែវឥឡូវនេះ ស្រុកណាក៏ដោយ នៅខេត្តតាកែវ ឱ្យមកចង្អុលឱ្យខ្ញុំ បើប្រៀបធៀបពីជំនាន់៨០ មកឥឡូវគ្មានការរីកចម្រើន ខ្ញុំគិតថា យើងមិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ" ។
ក្នុងនោះ សម្តេចធិបតី គូសបញ្ជាក់ថា ពិតណាស់តម្រូវការនៅតែមាន ប៉ុន្តែប្រសិនបើគិតថា កម្ពុជា រីកចម្រើនតែនៅភ្នំពេញ កន្លែងផ្សេងទៀតគ្មានការអភិវឌ្ឍសោះតែម្តង ឬភូមិណាមួយគ្មានការអភិវឌ្ឍសោះនោះ សម្តេចមិនជឿឡើយ៕