សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា តំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក និងតំបន់ពាក់ស្នែង គឺជានិមិត្តរូបនៃការអភិវឌ្ឍ ដើម្បីការអភិរក្ស។

នេះជាការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨  ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើនិយាយនៅទីនេះ កំពុងអភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែង ដែលកំពុងអភិវឌ្ឍ តែមិនទាន់រៀបរយ មិនទាន់មានពលរដ្ឋចូលទេ គឺជានិមិត្តរូបនៃការអភិវឌ្ឍ ដើម្បីអភិរក្ស»។

ក្នុងន័យនេះ សម្ដេចធិបតី ចង់គូសបញ្ជាក់ដូច្នេះថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែក៏មិនអាចភ្លេចបានឡើយនូវបុព្វហេតុក្នុងការអភិរក្សនូវកេរដំណែលរបស់ដូនតា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនអាចជ្រើសរើសជម្រើសណាមួយ ហើយបោះចោលជម្រើសណាមួយឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានគិតទាំងការអភិវឌ្ឍ និងទាំងការអភិរក្ស ដែលត្រូវដើរទន្ទឹមគ្នាជានិច្ច៕

ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើសទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នាពេលនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ