ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអ្នកសារព័ត៌មាន បន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយ មុននឹងផ្សព្វផ្សាយ។

នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នកសារព័ត៌មាន ដូចជា៖

ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូម ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មាន មានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។

ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។

ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។

ទី៤. ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ក៏ដូចជាកសាងជំនឿ ទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញ ទំនាក់ទំនងសង្គម និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ