កណ្ដាល ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារ សម្រាប់រៀបចំពិធី និងគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ ក្នុងដំណើរការហាត់សម។

ទន្ទឹមនឹងនេះ បន្ទាប់ពីចប់កម្មវិធីពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

សូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណងដើម្បីសម្តែងកត្តញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេង របស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា បន្សល់ទុកនូវគំរូវីរភាពដ៏ឧត្ដុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឲ្យកាន់តែមានភាពរីកចម្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ