សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។
សូមបញ្ជាក់ថា គោលបំណងចម្បងនៃផែនការនេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណភាពដោយសារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិតរបស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពជាទូទៅរបស់ប្រជាជន៕