បរទេស ៖ ក្រុមឧទ្ទាមហ៊ូទីប្រកាសបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 មួយគ្រឿងរបស់អាមេរិក មានតម្លៃខ្ទង់ ៦០លានដុល្លារ ក្នុងអំឡុងពេលវាយប្រហារថ្មីៗនេះលើនាវាផ្ទុកយន្តហោះ USS Harry S. Truman។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAFP នៅថ្ងៃទី០២ ឧសភា ២០២៥។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ការវាយប្រហារនៅសមុទ្រក្រហមបានធ្វើឲ្យយន្តហោះចម្បាំង F/A-18 Super Hornet ធ្លាក់ចូលទៅក្នុងសមុទ្រ និងបង្ខំឱ្យនាវា Truman ដកថយឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។

ចំណែកកងទ័ពជើងទឹកអាមេរិក ក៏បានទទួលស្គាល់ផងដែរថា យន្ដហោះចម្បាំងមួយគ្រឿងនេះ ពិតជាបានធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះ Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃទី២៨ ខែមេសា នៅក្នុង ឧបទ្ទវហេតុមួយដែលបណ្ដាលឱ្យនាវិកម្នាក់រងរបួស។

នេះជាយន្ដហោះចម្បាំង F-18 គ្រឿងទី២ហើយ នៅលើនាវាផ្ទុកយន្ដហោះ Harry S. Truman ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រហម ក្នុងពេលមិនដល់ ៦ខែ បន្ទាប់ពីយន្ដហោះចម្បាំងស៊េរីនេះ មួយគ្រឿងផ្សេងទៀត ត្រូវបាននាវាចម្បាំង USS Gettysburg ច្រឡំបាញ់ទម្លាក់កាលពីចុងឆ្នាំ២០២៤ ខណៈពីឡុតទាំង២នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ