សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច មិនយល់ហេតុផល គម្រោងព្រែកជីកហ្វូណនតេជោ
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅតែមិនជឿថា មានមន្ត្រីជាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណនតេជោ ដូចការចុះផ្សាយវិទ្យុបរទេសមួយចំនួនឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្រោយមានវិទ្យុបរទេសមួយចំនួនតែងតែចុះផ្សាយជាហូរហែរថា «មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បាននិយាយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍មកឲ្យខ្មែរ និងបានចំណាយថវិកាច្រើនពាន់ លានដុល្លារដែលកម្ពុជាបានខ្ចីលុយពីបរទេស»។
នាឱកាសអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមអ្នកលាបពណ៌អំពីព្រែកជីកហ្វូណនថា កុំទៅលាបព័ណ៌មន្ដ្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ចថាបានទម្លាយរឿងអំពីគម្រោងព្រែកជីកនេះ ដោយសម្ដេចមិនជឿទាល់តែសោះថា មន្ដ្រីទាំងនោះ មិនយល់អំពីគម្រោងព្រែកជីកហ្វូណន-តេជោ
សម្ដេចធិបតីបញ្ជាក់ថា «បើមន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយបែបហ្នឹង ខ្ញុំមិនជឿថា មានមន្ដ្រីកម្ពុជាណា ដែលមិនយល់ហេតុផលថា កម្ពុជា យកព្រែកជីក ហ្នឹងជាកន្លែង ទីមួយ ជំពាក់លុយគេវ័ន្តក អត់ប្រយោជន៍ឲ្យខ្មែរ។ ខ្ញុំថា បើសិនជាមន្ដ្រីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិតប្រាកដ គេមិនល្ងងដល់ថ្នាក់ហ្នឹងទេ ព្រោះព្រែកជីកនេះ មិនមែនជាគម្រោងយើងខ្ចី គឺជាគម្រោង BOT គឺក្រុមហ៊ុន គាត់ខ្ចីលុយ យកមកវិនិយោគ ដើម្បីកសាង»។
សម្ដេចធិបតីបន្ដថា គម្រោងព្រែកជីកហ្វូណន-តេជោ មានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ៣ពាន់តោន។ សម្ដេចបន្ថែមថា ព្រែកជីកហ្វូណន នឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ខណៈរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
សម្ដេចធិបតីថា នៅពេលព្រែកជីកហ្វូណនស្ថាបនារួច នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន «ព្រែកជីហ្វូណនគឺជាប្រព័ន្ធចរាចរណ៍ផ្លូវទឹកពីទឹកសាបទៅទឹកប្រៃ»។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕