សៀមរាប ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។

នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា ប្រជាពលរដ្ឋមករស់នៅតំបន់រុនតាឯកនេះ នឹងមានភាពរីករាយ បន្ទាប់ពីតំបន់នេះមានការអភិវឌ្ឍឥតឈប់ឈរ។

សម្ដេចធិបតីមានប្រសាសន៍ថា «លោកតា-លោកយាយ ជឿជាក់ហើយ សម្ដេចតេជោ ហ៊ុន សែន មិនឲ្យលោកតា លោកយាយ ចាក់ចេញពីកន្លែងនេះ (តំបន់អង្គរ) ទៅលក់ឲ្យឯកជនទេ មិនមែនយកដីកន្លែងនោះ (តំបន់អង្គរ) ដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា»។

 សម្ដេចធិបតីបន្ដថា ប្រសិនបើប្រជាពលរដ្ឋ គិតថា សម្ដេចតេជោ មានគំនិតទុច្ចរិក ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ ទៅឲ្យក្រុមហ៊ុនវិនិយោគនោះ ប្រហែលជាប្រជាពលរដ្ឋ មិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។ សម្ដេចធិបតីបន្ថែមថា ផ្ទុយទៅវិញដាច់ខាត សម្ដេចតេជោ ក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ និងការពារសម្បត្តិវប្បធម៌ជាតិ។

សម្ដេចធិបតី ក៏បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍតំបន់រុនតាឯក ឲ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ តាមការគូសវាសរបស់សម្តេចតេជោ ដើម្បីឲ្យតំបន់នេះនឹងក្លាយ ទៅជាក្រុងនាពេលអនាគត ។

បើតាម លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុត្រីជនបទគំរូ ប្រកបដោយភាពសុខដុមរមនា ចីរភាព អនាគតដ៏ ត្រចះត្រចង់ ដែលប្រជាពលរដ្ឋទទួលបាន សិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើនជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ