ក្រចេះ ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តក្រចេះសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។

លោករដ្ឋមន្ត្រី បន្តលើកឡើងទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ