នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បដិសណ្ឋារកិច្ចជាផ្លូវការ នូវដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកបដោយកិត្តិយស និងកក់ក្តៅ
ម៉ាឡេស៊ី ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីភ្លាម លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ី ក៏បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការតាមបែបបទពិធីការកម្រិតខ្ពស់ប្រកបដោយកិត្តិយសជាទីបំផុត។
ពិធីទទួលបដិសណ្ឋារកិច្ចដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលរបស់ម៉ាឡេស៊ី ត្រូវបានរៀបចំទទួលដោយកងកិត្តិយស កងត្រែទ័ព មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីជាច្រើន ជាមួយនឹងកម្រាលព្រំទ្រនូវដំណើរដ៏ក្រហមឆ្អិតឆ្អៅយ៉ាងវែងអន្លាយ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចរាល់ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ជជែកពិភាក្សាការងារទ្វេភាគី។
សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕EB