ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា បច្ចុប្បន្នធ្វើអ្វីៗ គឺផ្អែកវិទ្យាសាស្ដ្រទាំងអស់ មិនអាចយកគ្រូទាយ មកទស្សន៍ទាយបានឡើយ ត្រូវមានផែនការយូរអង្វែង ព្រមទាំងតាមដានការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោក ។

នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ មេសា សម្ដេចធិបតី មានប្រសាសន៍ថា ក្រសួងផែនការ បាននិងកំពុងចូល រួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល លើការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំលក្ខខណ្ឌគោល នយោបាយ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើន។

សម្ដេចធិបតីបន្តថា «ខ្ញុំ យល់ស្របតាម ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងផែនការ អំពីសារៈសំខាន់អំពីភាពចាំបាច់ មិនអាចខ្វះបាននូវ ការងារផែនការ ស្ថិតិនិងប្រជាជន និងការអភិវឌ្ឍ ។ ខ្ញុំសូមផ្ដល់ទស្សនៈផ្ទាល់ខ្លួន ដោយធ្វើការប្រៀបធៀបការងារ ផែនការស្ថិតិដែលមិនអាចខ្វះបាន ហើយត្រូវការគ្នាទៅវិញទៅមក។ ទិន្នន័យត្រឹមត្រូវធ្វើឲ្យយើងដាក់ចេញផែនការត្រឹមត្រូវ ។ ទិន្នន័យគ្រប់ជ្រុងជ្រោយធ្វើ ឲ្យយើងដាក់ចេញផែនការ ដែលធានានូវនិរន្ដរភាព ប្រសិទ្ធភាពនៃការអភិវឌ្ឍ។ បច្ចុប្បន្ន យើងធ្វើអ្វីផ្អែក វិទ្យាសាស្ដ្រទាំងអស់ យើងអត់អាចយកគ្រូទាយ មកទាយថា ត្រូវឆ្នាំក្រោយធ្វើអីត្រូវនោះទេ យើងត្រូវមានផែនការ យូរអង្វែង នឹងតាមដានអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោក វិស័យនយោបាយ និងសន្ដិសុខជាតិ»។

សម្ដេចធិបតីថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើ ធ្វើភ្លាមនោះទេ ពោលគឺត្រូវមានផែនការវែងឆ្ងាយ ក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ ប្រទេសជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំធ្វើមួយ ឆ្នាំនោះទេ គឺមានផែនការរយៈពេល២៥ឆ្នាំទៅមុខ។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា «បើយើងរៀបចំផែនការតាមអារម្មណ៍ តាមការនឹកឃើញ មួយឆ្នាំម្ដង ពីរឆ្នាំម្ដងដែលគ្មានទិសដៅ រយៈពេលវែងទេ យើងនឹងវ៉ុលហើយ ធនធានមនុស្សយើងក៏មិនធានាបានដូចគ្នា ។ ដូច្នេះផែនការនេះ គឺសំខាន់ ហើយសំខាន់ទៅលើការរៀបចំប្រមូលវិភាគទិន្នន័យ បានច្បាស់លាស់។ ចំណែ ការងារប្រជាជន និងការអភិវឌ្ឍ ប្រៀបដូចទៅនឹង ដងខ្លួនមនុស្សទាំងមូល ។ ក្នុងន័យនេះ ការរៀបចំផែនការមួយមាន លក្ខណៈគ្រប់ជ្រុងជ្រោយ គឺឆ្លើយតបទៅនឹងតម្រូវការសង្គម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ