កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេច រំភើបព្រោះប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈទំនើបលំដាប់4F ដែលជារបស់ខ្មែរតែម្ដង។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេច ធ្លាប់បានឃើញព្រលានយន្តហោះធំៗជាច្រើននៅតាមបណ្ដាប្រទេសនានា តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

សម្ដេច មានប្រសាសន៍ថា «រំភើប ព្រឺរោម។ ថ្ងៃមុនខ្ញុំ ទៅសម្ពោធអាកាសយានដ្ឋានអង្គរ មានអារម្មណ៍រំភើបម្ដងហើយ ខ្ញុំ ដើរច្រើនប្រទេសដែរ ព្រលានយន្ដហោះបែបនេះ យើងឃើញធ្លាប់មាននៅប្រទេសផ្សេងៗដែរ។ ប៉ុន្ដែអ្វីដែរជាមោទភាព ធ្វើឲ្យខ្ញុំ រំភើបនោះ ព្រោះអានេះ នៅលើទឹកដីខ្មែររបស់យើង ជារបស់ខ្មែររបស់យើង នេះជាអ្វីដែរយើងធ្វើបាន»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០ លានដុល្លារអាមេរិក។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ