កណ្ដាល ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ សម្រេចបាន ៦៦.១% និងចំណាយទឹកប្រាក់សាងសង់ចំនួន ៩៦១លានដុល្លារ នៃគម្រោងទឹកប្រាក់វិនិយោគចំនួន ១,៥០០ លានដុល្លារ។

នាឱកាសអញ្ជើញចូលរួមក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០ លានដុល្លារអាមេរិក»។

លោករដ្ឋមន្ដ្រី បន្ដថា វឌ្ឍនភាពលម្អិត នៃគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ដូចជា ៖ អគារស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៦.៨% គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤, ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤, អគារបញ្ជាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០% បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤, ការភ្ជាប់បណ្តាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច បាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤, ឋបនីយភណ្ឌ (សំណង់-អគារ) ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដី សម្រេច បាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

លោករដ្ឋមន្ដ្រី បន្ថែមថា ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ ៤F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការ នាឆមាសទី១ នៅឆ្នាំ២០២៥ ខាងមុខនេះ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្ទៃដីសរុបទំហំ ២,៦០០ហិកតា ស្ថិតក្នុងភូមិសាស្ដ្រ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចែកជា ៣ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣លាននាក់ ក្នុង ១ឆ្នាំ, ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ ៣០លាននាក់ ក្នុង ១ឆ្នាំ, ដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ ៥០លាននាក់ ក្នុង ១ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ