បុមបៃ៖ នៅថ្ងៃសៅរ៍ ២៤ ខែកក្កដា ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌាបានតស៊ូឆ្លងកាត់ដីភក់និងកម្ទេចកម្ទីដ៏ក្រាស់ ដើម្បីទៅដល់ផ្ទះលិចទឹករាប់សិបកន្លែង ខណៈចំនួនអ្នកស្លាប់១២៥ នាក់ដោយសារការបាក់ដីនិងគ្រោះថ្នាក់ដែលបណ្តាលមកពីភ្លៀងមូសុងបានកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ កក្កដា ២០២១៕

ក្រុមអ្នកជំនាញនិយាយថារដ្ឋ Maharashtra កំពុងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងខែកក្កដាក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។ ទឹកភ្លៀងមានរយៈពេលជាច្រើនថ្ងៃបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សរាប់សែននាក់ ខណៈដែលទន្លេធំៗ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាក់ច្រាំង។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់របស់ Maharashtra បាននិយាយថានៅ Taliye ប្រហែល ១៨០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងបុមបៃចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤២ នាក់ជាមួយនឹងការរកឃើញសាកសព ៤ នាក់បន្ថែមទៀតបន្ទាប់ពីការបាក់ដីបានបំផ្លាញផ្ទះភាគច្រើននៅក្នុងភូមិ។ ដោយឡែក មនុស្សប្រហែល ៩០,០០០ នាក់ត្រូវបានគេជួយសង្គ្រោះពីតំបន់រងគ្រោះដោយទឹកជំនន់ខណៈអាជ្ញាធរបានបញ្ចេញទឹកពីទំនប់ដែលបានហៀរខ្លាំង។

គួរបញ្ជាក់ថា រថយន្តដឹកទំនិញរាប់ពាន់គ្រឿងត្រូវបានជាប់គាំងអស់រយៈពេលជាង ២៤ ម៉ោងនៅលើផ្លូវហាយវ៉េភ្ជាប់ពីទីក្រុងបុមបៃជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃបេងហ្គារូដោយផ្លូវបានលិចលង់នៅកន្លែងខ្លះ។

គួររម្លឹកថា អាកាសធាតុក្តៅខ្លាំងបានបោកបក់លើផ្នែកជាច្រើននៃពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយមានទឹកជំនន់នៅប្រទេសចិននិងអឺរ៉ុបខាងលិចនិងរលកកម្តៅនៅអាមេរិកខាងជើងដែលបង្កការភ័យខ្លាចថ្មីអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ