បាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានលើកឡើងពីការព្យាករណ៍ព្យុះទីងហ្វុង Noru ដែលនឹងវាយប្រហារមកលើប្រទេសថៃចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃថ្ងៃសៅរ៍ ខណៈព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ស្រដៀងនឹងព្យុះ Dianmu ដែលបានវាយប្រហារប្រទេសថៃកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្ត Mukdahan និង Amnat Charoen នៅភាគឦសានប្រទេសថៃដោយផ្ទាល់តែម្ដង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thethaiger នៅថ្ងៃទី២៨ កញ្ញា ២០២២។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ Anupong Paochinda បាននិយាយថា ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តគួរតែបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការមួយ ដើម្បីតាមដានអាកាសធាតុ ក៏ដូចជាវាយតម្លៃផលប៉ះពាល់នៅក្នុងតំបន់របស់ពួកគេ រួមទាំងបរិមាណទឹកភ្លៀង កម្រិតទឹកក្នុងទន្លេ និងប្រឡាយ និងអត្រាការហូរចេញពីទំនប់ និងអាងស្តុកទឹក។ លោកបន្តថា មជ្ឈមណ្ឌលទាំងនេះគួរតែធ្វើឱ្យអ្នកស្រុកធ្វើបច្ចុប្បន្នភាព និងចេញការព្រមានជាមុន ដូច្នេះមនុស្សអាចរៀបចំសម្រាប់ការជម្លៀសប្រសិនបើចាំបាច់។

លោក Anupong Paochinda ក៏បានប្រគល់ភារកិច្ចឱ្យគ្រប់អង្គភាពបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បញ្ជូនមន្ត្រីចុះអង្កេតតំបន់របស់ខ្លួន និងរៀបចំឧបករណ៍ដូចជា ម៉ាស៊ីនបូមទឹក ទូកសង្គ្រោះ និងយានជំនិះសម្រាប់សង្គ្រោះ។

លោក Anupong ក៏បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ត្រូវសម្របសម្រួលជាមួយយោធា នគរបាល មូលនិធិសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ រួមទាំងការបង្កើតជម្រកបណ្តោះអាសន្ន និងផ្ទះបាយសម្រាប់ចម្អិនម្ហូបអាហារជូនប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ និងប្រគល់ថង់សង្គ្រោះដល់គ្រួសារដែលលិចលង់ថែមទៀតផង។

គួរបញ្ជាក់ថាព្យុះ Noru កំពុងវាយប្រហារតំបន់មួយចំនួនក្នុងប្រទេសវៀតណាម ហើយព្យុះនេះក៏បានសម្លាប់ពលរដ្ឋហ្វីលីពីនប្រមាណ៦នាក់ថែមទៀតផង ដោយខណៈពេលនេះព្យុះកំពុងតែធ្វើដំណើរទៅកាន់ភាគឦសានប្រទេសថៃនៅថ្ងៃព្រហស្បតិ៍។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ