បរទេស៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហប្រតិបត្តិការនៃកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់ថា អាហ្វហ្គានីស្ថានកំពុងប្រឈមនឹងដួលរលំសេវាកម្មជាមូលដ្ឋាន ហើយស្បៀងអាហារ និងជំនួយផ្សេងៗទៀតជិតអស់ហើយ។នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ កញ្ញា ២០២១៕

អ្នកនាំពាក្យ OCHA លោក Jens Laerke បានប្រាប់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវការជំនួយស្បៀងអាហារ និងជំនួយផ្នែកសុខភាព ដោយជំរុញឲ្យម្ចាស់ជំនួយផ្តល់ឲ្យបានច្រើនបន្ថែមទៀតមុនពេលសន្និសីទជំនួយអន្តរជាតិដើម្បីអាហ្វហ្គានីស្ថាននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។ 

ទីភ្នាក់ងារនេះបានចេញសេចក្តីអំពាវនាវមួយបន្ទាន់ ដើម្បីស្វែងរកថវិកាប្រមាណ៦០០លានដុល្លារ សម្រាប់បំពេញតម្រូវការមនុស្សធម៌ដល់ប្រជាជន១១លាននាក់ក្នុងរយៈពេលនៅសល់ឆ្នាំនេះ ជុំវិញវិបត្តិរាំងស្ងួត និងអត់ឃ្លាន។

គួរកត់សម្គាល់ មនុស្សជាងកន្លះលាននាក់បានផ្លាស់ទីលំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២១នេះ ខណៈដែលក្រុមតាលីបង់បានវាយលុកចូលទូទាំងប្រទេស  និងដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ