យន្តហោះជំនួយមនុស្សធម៌ចាប់ដំណើរការឡើងវិញនៅអាហ្វហ្គានីស្ថាន ស្របពេលតាលីបង់នឹងប្រកាសបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃសុក្រសប្តាហ៍នេះ
កាប៊ុល៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា សេវាកម្មអាកាសចរណ៍មនុស្សធម៌អង្គការសហប្រជាជាតិ (UNHAS) ដែលដំណើរការដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងបន្តការហោះហើរ ដើម្បីឱ្យអង្គការមនុស្សធម៌ចំនួន ១៦០បន្តសកម្មភាពជួយសង្គ្រោះជីវិតរបស់ពួកគេនៅក្នុងខេត្តរបស់អាហ្វហ្គានីស្ថាន។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន CGTN៕
លោក Stephane Dujarric ជាអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បញ្ជាក់ថា សេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាសបច្ចុប្បន្នកំពុងភ្ជាប់រដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប៉ាគីស្ថាន ទៅទីក្រុង Mazar-i-Sharif និង Kandahar របស់អាហ្វហ្គានីស្ថាន ដោយមានជើងហោះហើរចំនួន ៣ ទៅកាន់ទីក្រុង Mazar-i-Sharif ចាប់តាំងពីថ្ងៃទី ២៩ ខែសីហា។
ការប្រកាសនេះធ្វើឡើងស្របពេលដែលក្រុមតាលីបង់ត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន នៅល្ងាចថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលក្រុមនេះកំពុងប្រឈមមុខនឹងសម្ពាធទាំងក្នុង និងក្រៅប្រទេសដើម្បីគ្រប់គ្រងអាហ្វហ្គានីស្ថាន ជាមួយនឹងការអត់ឱនអោយបានច្រើន ជាពិសេសលើសិទ្ធិស្រ្តី។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីតាលីបង់ពីររូបនោះ ការប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីនេះអាចនឹងធ្វើឡើង នៅក្រោយការថ្វាយបង្គំថ្ងៃសុក្រ ពេលរសៀលរួច (ម៉ោងក្នុងតំបន់)។
ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមក មិនទាន់មានប្រទេសណាមួយប្រកាសទទួលស្គាល់ក្រុមតាលីបង់នៅឡើយទេ។ ប៉ុន្តែជាមួយគ្នានេះ បណ្ដាប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកបានបញ្ជាក់ថា អាចនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតាលីបង់ ប្រសិនបើការសន្យាគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រី្ត៕