អូតាវ៉ា៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍ លោក Marco Mendicino បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសកាណាដាគ្រោងនឹងតាំងទីលំនៅថ្មីដល់ជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះជាង ២០.០០០ នាក់ រួមមាន មេដឹកនាំស្ត្រី បុគ្គលិកផ្នែកសិទ្ធិមនុស្ស និងអ្នកយកព័ត៌មាន ដើម្បីការពារពួកគេពីការសងសឹករបស់ក្រុមតាលីបង់។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចខិតខំប្រឹងប្រែងនេះគឺជាការផ្តួចផ្តើមដំបូងដើម្បីស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលបានធ្វើការឱ្យរដ្ឋាភិបាលកាណាដា ដូចជា អ្នកបកប្រែ បុគ្គលិកស្ថានទូត និងគ្រួសាររបស់ពួកគេ។
លោកបានបន្តទៀតថា “នៅពេលដែលពួកតាលីបង់បន្តដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានកាន់តែច្រើន ជីវិតអាហ្វហ្កានីស្ថានជាច្រើនទៀតកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង” ។ ដោយឡែក លោកមិនបានផ្តល់កាលវិភាគជាក់លាក់ពីកាលបរិច្ឆេទនោះទេ។
គួររំលឹកថា ក្រុមតាលីបង់បានដណ្តើមយកទីក្រុងធំទី ២ និងទី ៣ របស់អាហ្វហ្គានីស្ថាន ដោយសារការតស៊ូពីកងកម្លាំងរដ្ឋាភិបាលបានដួលរលំ។ NR