ពិភពលោកផ្តោតការយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់សម្ភារៈផ្នែកវេជ្ជសាស្ត្រសំខាន់ៗ ដល់ឥណ្ឌា ខណៈអ្នកស្លាប់ កើនជិតដល់ ២០០.០០០ នាក់
អន្តរជាតិ៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រសំខាន់ៗបានចាប់ផ្តើមទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ខណៈមន្ទីរពេទ្យជាច្រើនអស់អុកស៊ីហ៊្សែន និងគ្រែពេទ្យបានបង្វែរអ្នកជំងឺកូវីដ១៩ចេញ ហើយការកើនឡើងនៃការឆ្លងបានធ្វើអោយមានអ្នកស្លាប់ខិតជិត ២០០.០០០ នាក់ហើយ។
ការដឹកជញ្ជូនពីប្រទេសអង់គ្លេស រួមមានម៉ាស៊ីនដកដង្ហើម ១០០ គ្រឿង និងម៉ាស៊ីនស្រូបយកអុកស៊ីសែន ៩៥ គ្រឿង បានទៅដល់រដ្ឋធានី ញូវដែលី ទោះបីជាយ៉ាងណា អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី ប៊ូរីស ចនសាន់ (Boris Johnson) បាននិយាយថា ចក្រភពអង់គ្លេសមិនមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ លើសចំនួនសំរាប់ផ្តល់ជាជំនួយនោះទេ។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រទេសបារាំងកំពុងបញ្ជូនម៉ាស៊ីនផលិតអុកស៊ីសែនធំៗចំនួន ៨ នៅសប្តាហ៍នេះ ខណៈប្រទេសអៀរឡង់ អាល្លឺម៉ង់ និងអូស្រ្តាលីកំពុងផ្គត់ផ្គង់ ម៉ាស៊ីនស្រូបយកអុកស៊ីសែន និងបំពង់ខ្យល់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយប្រទេសឥណ្ឌា ដោយនិយាយថា លោករំពឹងថានឹងបញ្ជូនវ៉ាក់សាំងទៅទីនោះ ខណៈពេលដែលមន្ត្រីជាន់ខ្ពស់ពីរដ្ឋបាលរបស់លោក បានព្រមានថា ប្រទេសនេះនៅតែស្ថិតក្នុងដំណាក់កាលឈានមុខនៃវិបត្តិនេះ។
យ៉ាងណាម៉ិញ អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីបញ្ជូនម៉ាស៊ីនស្រូបយកអុកស៊ីសែនចំនួន ៤.០០០ គ្រឿងទៅប្រទេសឥណ្ឌា ដែលជាកន្លែងប្រមូលផ្តុំ សំបូរទៅដោយវ៉ារ្យ៉ង់វីរុស និងអត្រាអ្នកដែលបានចាក់វ៉ាក់សាំងទាប បានបង្កជារលកនៃការឆ្លងរាលដាលដ៏ធំទីពីរ។
គួររំលឹកថា ករណីថ្មីនៃការឆ្លងចំនួន ៣២៣.១៤៤ ករណី របស់ប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានឈរនៅក្រោមកម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក (ករណីខ្ពស់បំផុតរបស់ពិភពលោក ចំនួន ៣៥២,៩៩១ ករណី) កាលពីថ្ងៃច័ន្ទ ហើយអ្នកស្លាប់ថ្មីចំនួន ២.៧៧១ នាក់បានធ្វើឱ្យចំនួនអ្នកស្លាប់ឈានដល់ ១៩៧.៨៩៤ នាក់។NR