កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន
ឥណ្ឌា៖ កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកបានដឹកទៅដល់ប្រទេសឥណ្ឌាហើយ ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងកើនឡើងយ៉ាងគំហុក ស្ទើរពេញមន្ទីរពេទ្យ និងកន្លែងបូជាសព ។ បើយោងតាមប្រភព CNA
យន្ដហោះយោធាដំបូងគេរបស់អាមេរិក Super Galaxy បានដឹកជញ្ជូនជំនួយបន្ទាន់ ក្នុងនោះរួមមានទាំងអុកស៊ីសែន ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដរហ័សជាដើម ទៅដល់ប្រទេសឥណ្ឌា ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង១០០លានដុល្លារនឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត ។
ទន្ទឹមគ្នា នាយកប្រតិបត្តិអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោក ជេរេមី ខូនីនឌីគ បានប្រាប់ទីភ្នាក់ ងារព័ត៌មាន AFP ថា ខ្ញុំគិតថា យើងចាំបាច់ត្រូវតែជួយពួកគេ (ឥណ្ឌា) ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការបង្កើនការផ្ដល់ជំនួយឱ្យបានឆាប់រហ័ស និងបង្កើនការខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន ឬបរិក្ខាដែលអាចជួយឱ្យពួកគេផលិតអុកស៊ីសែន ៕