ចិន ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥  រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ុយ ថាញ់សុន (Bui Thanh Son) នៅទីក្រុងអាននីង ខេត្តយ៉ុនណាន កាលពីថ្ងៃព្រហស្បតិ៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានPeople Daily នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥។

លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិន និងវៀតណាមបានឈររួមគ្នាក្នុងការផ្តល់ជំនួយទៅវិញទៅមក ដោយបង្កើតចំណងដ៏ជ្រាលជ្រៅជា «សមមិត្ត និងបងប្អូន» ដោយលោកបានបន្ថែមថា ពួកគេបានដើរលើមាគ៌ានៃទំនើបភាវូបនីយកម្មសង្គមនិយមសមស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន។ដោយកត់សម្គាល់ថា ប្រទេសចិន និងវៀតណាមមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជិតស្និទ្ធ លោក វ៉ាង បាននិយាយថា ពួកគេគួរតែធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងលទ្ធិឯកតោភាគី និងការគាំពារនិយម រក្សាច្បាប់ពាណិជ្ជកម្មសេរី និងការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។

លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចឯករាជ្យ និងលើកទឹកចិត្តសហគ្រាសចិនមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។ ប្រទេសចិនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសវៀតណាមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងយន្តហោះពាណិជ្ជកម្ម។

លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងជួយសម្រួលដល់ការនាំចូលរបស់កសិផលវៀតណាមទៅក្នុងប្រទេសចិន ក៏ដូចជាការបង្កើតទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាមនៅក្នុងប្រទេសចិន ហើយលោកសង្ឃឹមថា ប្រទេសវៀតណាមនឹងផ្តល់បរិយាកាសធុរកិច្ចអំណោយផលសម្រាប់សហគ្រាសចិន។

លោក សុន ដែលកំពុងនៅក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស Lancang-Mekong (LMC) លើកទី១០ បាននិយាយថា ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយប្រទេសចិន ដើម្បីរៀបចំផែនការផ្លាស់ប្តូរកម្រិតកំពូលសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវដែក សន្តិសុខ ការអនុវត្តច្បាប់ និងការច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ