រីយ៉ូដឺហ្សានេរ៉ូម៖ មនុស្សរាប់ពាន់នាក់នៅប្រេស៊ីលបានធ្វើបាតុកម្មមួយថ្ងៃទៀតប្រឆាំងនឹងលោកប្រធានាធិបតី Jair Bolsonaro ជាពិសេស ការដោះស្រាយដ៏វឹកវររបស់លោកចំពោះជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង461,142 នាក់ នៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១
នៅកណ្តាលទីក្រុងរីយ៉ូដឺហ្សានេរ៉ូមនុស្សប្រមាណ១០,០០០ នាក់ ដែលពាក់ម៉ាសបានដើរហែរក្បួនតាមដងផ្លូវដោយអ្នកខ្លះស្រែកថា« អំពើប្រល័យពូជសាសន៍ Bolsonaro» និង« ទៅឆ្ងាយ Bolsovirus» ។
យ៉ាងណាមិញ ការប្រមូលផ្តុំស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗ ផ្សេងទៀត ជាបាតុកម្មប្រឆាំងនឹង Bolsonaro ដែលបានចាប់ផ្តើមកាលពីប៉ុន្មានខែមុន។
គួររម្លឹកថា នៅដើមដំបូងនៃមេរោគរាតត្បាតប្រធានាធិបតី បានចាត់ទុកជំងឺកូវីដ១៩ ថាជាជំងឺផ្តាសាយតិចតួចហើយនៅពេលចំនួនអ្នកស្លាប់បានកើនឡើងជាលំដាប់គាត់បានបន្តធ្វើឱ្យប្រជាជនមានការខឹងសម្បារនឹងប្រឆាំងនឹងវិធានការណ៍ផ្សេងៗ ។
គួរបញ្ជាក់ថា ប្រទេសប្រស៊ីលជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ដែលមានអត្រាអ្នកឆ្លងកូវីដ១៩ រហូតដល់ 16,471,600នាក់ និងចំនួនអ្នកស្លាប់កើនសរុប 461,142នាក់ ដោយសហរដ្ឋអាមេរិកឈរនៅលេខ១ ចំនួនឆ្លងសរុប 34,035,405នាក់ និងឥណ្ឌានៅលេខ២ មានចំនួនអ្នកឆ្លង 27,894,800នាក់។RT