អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២៦,៥០៦ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៤៧៥នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ ៧៩៣,៨០២ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២១,៦០៤នាក់ស្លាប់បាត់បង់ជីវិត និង ៤៩៥,៥១៣នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៧៦,៦៨៥នាក់។

គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ