កូរ៉េខាងត្បូងនៅថ្ងៃទី១៤សីហានេះ បានរាយការណ៍ពីចំនួនមនុស្សឆ្លងកូវីដ-១៩ចំនួន១០៣នាក់ ដោយក្នុងនោះមាន៨៥នាក់ឆ្លងនៅក្នុងសហគមន៍ ដែលជាករណីឆ្លងច្រើនបំផុតគិតពីចុងខែមីនាមក។ បូកសរុបករណីឆ្លងថ្មីធ្វើឲ្យកូរ៉េខាងត្បូងមានមនុស្សឆ្លងសរុបកើនដល់១៤,៨៧៣នាក់ហើយ និងស្លាប់៣០៥នាក់គិតត្រឹមយប់ថ្ងៃទី១៣សីហា។ ក្នុងចំណោមមនុស្សឆ្លងសរុបក៏មានជាសះស្បើយចំនួន១៣,៨៦៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧០៥នាក់។

កូរ៉េខាងត្បូងកន្លងមកជាប្រទេសដែលមានករណីឆ្លងខ្លាំងបំផុតបន្ទាប់ពីប្រទេសចិន ប៉ុន្ដែអាចគ្រប់គ្រងស្ថានភាពបានវិញតាមរយៈការតាមដាន ធ្វើតេស្ដ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ កូរ៉េខាងត្បូងក៏ត្រូវបានពិភពលោកកោតសរសើរនិងរៀនសូត្រតាមផងដែរ ជុំវិញវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្ដែយ៉ាងណាមិញករណីឆ្លងរលកទីពីរទើបផ្ទុះឡើង ធ្វើឲ្យកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្នជាថ្មី ហើយករណីឆ្លងនោះក៏ចាប់ផ្ដើមកើនឡើងជាបន្ដបន្ទាប់។

គួរជម្រាបជូនដែរថា បើគិតពីចំនួនមនុស្សឆ្លងកូវីដ-១៩សរុបក្នុងពិភពលោក កើនដល់ជាង២១លាននាក់ស្លាប់ជាង៧៥ម៉ឺននាក់។ ក្នុងចំណោមមនុស្សឆ្លងសរុបមានជាសះស្បើយជិត១៤លាននាក់ កំពុងសម្រាកព្យាបាលជាង៦លាននាក់ និងស្ថិតក្នុងសភាពធ្ងន់ធ្ងរជាង៦ម៉ឺននាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ