កម្ពុជា ស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តសហប្រតិបត្តិការបន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេស អំឡុងពេលស្តារសេដ្ឋកិច្ច
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេស ក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច នាពេលខាងមុខ។ យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។
ក្នុងកិច្ចប្រជុំតុមូលតាមរយៈប្រព័ន្ធអនឡាញរវាង មូលនិធិរូបិយវត្ថុអន្តរជាតិ និងអាស៊ាន ដែលមានការចូលរួមពី ថ្នាក់ទេសាភិបាល ធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ជា ចាន់តូ បានលើកឡើងពីសារៈសំខាន់ នៃតួនាទីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការគាំទ្រប្រទេសជាសមាជិកអាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេទេស ការកសាងសមត្ថភាព ហើយនៅក្នុងវិបត្តិកូវីដ-១៩ នេះ IMF បានបង្កើនវិភាជន៍អេសដេអែ (SDR) សម្រាប់ពង្រឹងជំនឿទុកចិត្តនិងបង្កើនលំហនៃការអនុវត្តនយោបាយសេដ្ឋកិច្ច។
លោក បានបញ្ជាក់ថា «ស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេសនៅក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច ជាមួយនឹងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលខាងមុខ ដូចជា លំហការអនុវត្តនយោបាយគាំទ្រកាន់តែរួមតូច និងការប្រែប្រួលការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មរបស់ប្រទេសអភិវឌ្ឍន៍ធំៗ ដូចជាការធ្វើប្រក្រតីកម្មនយោបាយ តាមរយៈបង្កើនអត្រាការប្រាក់គោល ឬកាត់បន្ថយការផ្តល់សាច់ប្រាក់ដល់ទីផ្សារ ដែលនាំឱ្យមានការប្រែប្រួលលំហូរមូលធន ចេញពីប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ និងសម្ពាធលើអត្រាប្តូរប្រាក់ ជាដើម»។
ជាងនេះទៅទៀត លោកទេសាភិបាល ក៏បានឯកភាពលើប្រសាសន៍របស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងមតិថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ដែលថា ការចាក់វ៉ាក់សាំងគឺជាគន្លឹះនៃការងើបឡើងពីវិបត្តិ ហើយលំហនៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកម្លាំងចលករជំរុញល្បឿននៃការងើបឡើង៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត