(ម៉ាឡេស៊ី)៖ មន្ត្រីរាជការទាំងអស់ នៃរដ្ឋាភិបាលសហព័ន្ធម៉ាឡេស៊ីអាចប្រឈមមុខនឹងការផាកពិន័យ ឬបណ្តេញចេញពីស្ថានប័ន ប្រសិនបើពួកគេមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមគោលនយោបាយចាក់ថ្នាំបង្ការថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។សារាចរមួយដែលបានបង្ហោះនៅក្នុងគេហទំព័ររបស់នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៅថ្ងៃចន្ទ ទី១៨ ខែតុលានេះបានគូសបញ្ជាក់ថា មន្រ្តីរាជការអាចត្រូវបានណែនាំឱ្យបំពេញការចាក់វ៉ាក់សាំងរបស់ពួកគេឲ្យគ្រប់ដូស មុនកាលបរិច្ឆេទចូលជាធរមានមកដល់។

សេចក្តីណែនាំដែលស្ថិតនៅក្រោមគោលការណ៍អនុវត្តវិធានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ PSD សម្រាប់មន្រ្តីសេវាសាធារណៈសហព័ន្ធ បានព្រមានថា ការមិនអនុលោមតាមគោលនយោបាយនេះអាចនឹងទទួលការផាកពិន័យ ឬបញ្ចប់សេវាកម្ម។

យោងតាមសារាចរដែលចុះហត្ថលេខាដោយអគ្គនាយក PSD លោក Mohd Khairul Adib Abd Rahman លើកឡើងថា «នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឬក្រោយនេះ មន្រ្តីណាដែលមិនគោរពតាមសេចក្តីណែនាំរបស់ប្រធាននាយកដ្ឋានអាចនឹងទទួលការផាកពីន័យ ឬបញ្ឈប់ពីការងារតែម្តង»

គួរបញ្ជាក់ថា ចំនួនករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីមាននិន្នាការធ្លាក់ចុះចាប់តាំងពីដើមខែតុលា ដោយធ្លាក់ចុះដល់តួលេខ៤ ខ្ទង់ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ ហើយជាលើកដំបូងចាប់តាំងពីខែកក្កដា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ