ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អត្រាភាពក្រីក្រ នៅកម្ពុជា បានកាត់បន្ថយ ជាបន្តបន្ទាប់ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ជាពិសេសចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៧ ដោយអត្រាភាពក្រីក្រក្រោម ១០% ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនជាង១៧%វិញ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់អនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃ៥ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា ចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាមមក ជាមោទកភាពកម្ពុជា បានទទួលការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា បានរីកចម្រើន។

សម្ដេចមានប្រសាសន៍ថា «ជាក់ស្ដែង អត្រាភាពក្រីក្រ ក៏បានកាត់បន្ថយជាបន្ដបន្ទាប់។ ជាក់ស្ដែងក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ អត្រានៃភាពក្រីក្របានកាត់បន្ថយ ចាប់ពីឆ្នាំ២០០៧ ដែលយើងមានជាង ៤៧% ទៅដល់ឆ្នាំ២០១៧ ជាងក្រោម ១០% ប៉ុន្ដែដោយសារកូវីដ-១៩ យើងបានកើនឡើងជាង១៧%»។

 សម្ដេចបន្ដថា ទិន្នន័យបានបញ្ជាក់ឲ្យឃើញថា ទោះបីជាប្រជាពលរដ្ឋជាច្រើន បានមានការរីកចម្រើនជីវភាព បានប្រែក្លាយជាពីភាពក្រីក្រ ទៅជីវភាពមធ្យម ហើយប្រជាពលរដ្ឋក៏មានលទ្ធភាព ឈានទៅជីវភាពកម្រិតខ្ពស់ ប៉ុន្ដែត្រូវទទួលស្គាល់ ប្រជាពលរដ្ឋក្រីក្រនៅតែមាន ជាពិសេសក៏ត្រូវទទួលស្គាល់ ស្ថានភាពបរិស្ថានសេដ្ឋកិច្ចសកល មិនអាចនៅថិតថេរនោះទេ។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តបន្ត អនុវត្តកម្មវិធីគោល នយោបាយជាតិជំនួយសង្គម ខណៈក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ដែលគោល នយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីនយោបាយ អាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ