ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ មេត្តាបន្តប្រគល់វត្ថុបុរាណទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ ។

ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី១៧ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងសម័យនេះសន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាពសម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ ។

សម្ដេចតេជោ បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្ដុតាង នៃសម្បត្តិវប្បធម៌ដែលត្រូវបានលួចចេញពីកម្ពុជា ដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ ចរចាដំណើរការ ដំណើរផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ក្នុងស្មារតីនេះខ្ញុំសូមអំពាវនាវ ដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុបុរាណទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជា ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លែថ្លា គួរឲ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សារ និងព្យាបាលរបួសផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ