ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃ១០ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយទីលានហ្វឹកហ្វឺនឲ្យកងទ័ពឲ្យបានធំទូលាយ សម្រាប់ការបង្កការងាយស្រួលក្នុងការហ្វឹកហាត់ជំនាញនានា ។
សម្តេចធិបតី បានមានប្រសាសន៍ បន្តថា ការហ្វឹកហ្វឺនកងទ័ពមិនមែនជារឿងងាយស្រួលនោះទេ ត្រូវការទីលានធំទូលាយ ហើយធ្វើយ៉ាងណាត្រូវគិតគូពីសុវត្ថិភាពដល់ពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរនោះ ព្រោះជួនកាលហានិភ័យក៏អាចកើតមានឡើជាយថាហេតុលើ ពួកគាត់ផងដែរ ។
សម្តេច ថា ដូច្នេះត្រូវការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធដោះស្រាយរឿងនេះ រាប់ទាំងក្រសួងដែនដីជាដើម លើករណីដីធ្លី ។
សម្តេច នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ចឹងទីលាន បើសិនជាយើងមិនមានទំហំធំ យើងមិនអាចហ្វឹកហ្វឺនបានទេ ព្រោះបើជិតជាមួយប្រជាពលរដ្ឋបង្កហានិភ័យ ត្រូវបាញ់កាំភ្លើងធំ មិនអាចឲ្យដាក់ប្រជាពលរដ្ឋនៅក្បែរហ្នឹងបានទេ ។ ត្រូវប្រើប្រាស់ហ្វឹកហ្វឺនរួមជាមួយប្រភេទទ័ពអាកាស នាពេលខាងមុខ ប្រើប្រាស់ឧទ្ធម្ភគចក្រ បើមានសមត្ថភាពហួសពីហ្នឹងទៅទៀត»។
សម្តេច បន្ថែមទៀតថា សរុបជារួមត្រូវការទីតាំងធំ ព្រោះគិតពីសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង ។ ជាមួយគ្នានេះដែរ សម្តេច ក៏បានឲ្យពង្រឹងមូលដ្ឋានទីលានហ្វឹកហ្វឺនដែលមានស្រាប់ ។ សម្តេចក៏បន្តថា កងទ័ពបើគ្មានកន្លែងហ្វឹកហ្វឺននោះទេ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ឡើយ៕