ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គ្រាដែលប្រទេសជាច្រើនកំពុងជួបវិបត្តិស្បៀង នៅពេលជំងឺកូវីដ-១៩ រាតត្បាត និងវិបត្តិសង្គ្រាមរវាង រុស្ស៉ី-អ៊ុយក្រែន ជាដើមនោះ បែរជាប្រទេសកម្ពុជាធានាបាន នូវសន្តិសុខស្បៀង។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំឡុងពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ, កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានផលកសិកម្ម និងបាននាំចេញជាង ៦លានតោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២0២៣។

សម្ដេច គូសបញ្ជាក់ថា «ផ្ទុយទៅវិញ ខណៈប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ (សន្ដិសុខស្បៀង) កម្ពុជាយើងធានាបាននូវសន្ដិសុខស្បៀង មិនត្រឹមតែធានាសន្ដិសុខស្បៀងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែយើងបាននាំចេញ នៃការផលិតកសិកម្មនាំចេញ ៦,២លានតោន ក្នុងរយៈពេល ១០ខែ កន្លងមកនេះ»។

សម្ដេច បន្ដថា ទាំងនេះសបញ្ជាក់ឱ្យឃើញពីការដឹកនាំ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។ សម្ដេច បន្ដថា ការបញ្ចប់សង្គ្រាម និងការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការជំរុញគោលនយោបាយលើកទឹកចិត្តផ្សេងៗ ការមិនយកពន្ធដី ការមិនយកពន្ធសម្ភារផ្សេងៗ ក្នុងវិស័យកសិកម្ម  និងការជួយអនុគ្រោះលើកទឹកចិត្តជាច្រើនរបស់រាជរដ្ឋាភិបាល បានដាក់ចេញ គឺបានផល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ