ភ្នំពេញ ៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ដោយមាន ការព្រមព្រៀងគ្នាភាគីថៃ បានអនុញ្ញាតឲ្យអាជីវករខ្មែរបើករថយន្តចូលទៅដឹកទំនិញចំនួន ៥០គ្រឿង ចាប់ពីថ្ងៃទី១៥ ខែកកដ្កា ឆ្នាំ២០២០ ហើយក្នុងរថយន្ត១គ្រឿង មានមនុស្ស តែ២នាក់ ក្នុងនោះមានអ្នកបើកបររថយន្តម្នាក់ និងអ្នករួមដំណើរម្នាក់។
លោក ង៉ោ ម៉េងជ្រូន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូម អនុវត្តន៍តាមច្បាប់ឆ្លងដែន ពោលគឺត្រូវតែបង្ហាញនូវរាល់ឯកសារចេញ និងចូលប្រទេស រហូតទាល់តែបានធ្វើលិខិតបញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែងចំណត និងទីតាំងបញ្ជូនទំនិញឱ្យបានជាក់លាក់។
លោកបានបញ្ជាក់ថា ចំពោះអ្នកធ្វើដំណើរចូលមកដឹកទំនិញត្រូវមានអ្នកបើកម្នាក់ និងអ្នករួមដំណើរម្នាក់ ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរួមមាន ត្រូវតែពាក់ម៉ាស់ឱ្យបានជាប្រចាំ វាស់កំដៅសិនទើបអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់។ រាយនាមអ្នកបើកយានយន្ត លិខិតបញ្ជាក់ពីការបញ្ជូនទំនិញ ឯកសារឆ្លងដែន មានលិខិតឆ្លងដែនប័ណ្ណព្រំដែន និងប័ណ្ណឆ្លងដែនបណ្ណោះអាសន្ន។
លោក ង៉ោ ម៉េងជ្រួន បន្តថា រថយន្តទាំង៥០គ្រឿងនោះត្រូវគោរពតាម ពេល វេលាដែលត្រូវឆ្លងកាត់ ចាប់ពីម៉ោង ៨ព្រឹក ហើយធ្វើដំណើរត្រឡប់មកវិញនៅ វេលា ម៉ោង១ថ្ងៃត្រង់ ក្នុងមួយថ្ងៃជាកំហិត យានយន្តចេញចូលមិនលើសពី៥០គ្រឿង ជាដាច់ខាត៕EB