ពលរដ្ឋខ្មែរពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ
មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពី ប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពី ប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មាន ពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ខណៈពេលដែល ប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីក រាលដាល ជំងឺកូវីដ១៩ ។
មន្ត្រីបានឲ្យដឹងទៀតថា រយៈកាលកន្លងមក ដោយសារការចាញ់ បោកមេ ខ្យល់ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងចំនួន បានធ្វើដំណើរទាំងប្រថុយ ប្រថានត្រឡប់ចូលទៅប្រទេសថៃវិញ តាមច្រកព្រំដែនចំនួន ០៣ គឺច្រកដូង , ច្រកម៉ាល័យ និង ច្រកប៉ោយប៉ែត ប៉ុន្តែត្រូវបានសមត្ថកិច្ច ប្រចាំនៅតាមច្រកនិមួយៗឃាត់ទុក ព្រមទាំងបានធ្វើការអប់រំ និង ណែនាំឲ្យពួកគាត់ត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីរង់ចាំនៅពេលក្រោយ ក្នុងខណៈពេលដែលជំងឺកូវីដ១៩ មានភាពធូរស្បើយ ឬក៏មានការ សម្រេចពីរដ្ឋាភិបាលនៃប្រទេសពីរ ដែលបានឯកភាពគ្នាអនុញ្ញាត ឲ្យបើកច្រកព្រំដែនឡើងវិញ ។
មន្ត្រីបានឲ្យដឹងបន្ថែមទៀតថា តាមការសាកសួរព័ត៌មានពីបងប្អូនប្រជាពលរដ្ឋទាំងអស់នោះ ពួកគាត់និយាយថា ពួកគាត់ត្រូវបានមេខ្យល់មកធ្វើការអូសទាញ ដោយសន្យាជូនទៅដល់កន្លែងធ្វើការនៅក្នុងប្រទេសថៃ ដែលតម្រូវឲ្យពួកគាត់បង់ប្រាក់ថៃពីចំនួន ២.៥០០ ទៅ ៣.៥០០ បាត ក្នុងមួយនាក់ ទៅតាមទីកន្លែងជិតឆ្ងាយ ប៉ុន្តែពេលមកដល់ព្រំដែន ពួកគាត់ត្រូវគេទុកចោល ហើយគេនិយាយថា មានគេមកទទួលពួកគាត់នាំចូលទៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចប្រចាំនៅតាមច្រកនិមួយៗឃាត់ទុកតែម្ដង ។
ក្នុងឱកាសចុះត្រួតពិនិត្យ និង សួរសុខទុក្ខដល់មន្ត្រីប្រចាំការ តាមច្រកព្រំ ដែន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់ ពលរដ្ឋខ្មែរទាំងអស់ ដែលធ្លាប់បានធ្វើការនៅក្នុងប្រទេសថៃ ហើយបានវិល ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនោះ គួរកុំធ្វើការប្រថុយប្រថាន និង កុំចាញ់បោកតាម ការញុះញង់ របស់មេខ្យល់ ដែលសន្យានាំបងប្អូនទៅកន្លែងធ្វើការនៅ ក្នុងប្រទេសថៃ វិញនោះ ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរ កម្ពុជា-ថៃ នៅមិនទាន់បើកច្រកព្រំដែនសម្រាប់ការចេញចូលនៅឡើយទេ ដែលការបិទព្រំដែននេះ គឺដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ។
គួររំលឹកថា ជារៀងរាល់ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រ ទេសថៃចូលមកប្រទេសយើយវិញ មានចំនួនក្នុងចន្លោះ ពី២០០ ទៅ៣០០នាក់ ក្នុងនោះចូលមកក្នុងខេត្តសៀមរាប ក្នុងចន្លោះចំនួ នពី១០ទៅ២០នាក់ ៕SP