ពលរដ្ឋខ្មែរ ត្រឡប់មកពីថៃ ចូលតាមច្រកអូរស្មាច់ និងជាំជាង១ម៉ឺននាក់ ខណៈជាង២០០នាក់ បានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩
ភ្នំពេញ ៖ មានប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីធ្វើការពីប្រទេសថៃវិញ ចូលមកតាមច្រកព្រំដែន អន្តរជាតិ អូស្មាច់ និងច្រកជាំ ចំនួន១៥៥៥៤នាក់ ក្នុងនោះ យកសំណាក ទៅធ្វើតេស្តរកជំងឺ កូវីដ-១៩ ចំនួន២៣៤នាក់ ទទួលលទ្ធផលអវិជ្ជមាន ចំនួន២២៧នាក់ ខណៈនៅសល់៧នាក់ មិនទាន់ដឹងលទ្ធផល នៅឡើយ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព និងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ» កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្តរមានជ័យ បានឲ្យដឹងថា អ្នកដែលសល់៧នាក់ទៀត មិនទាន់ទទួលបានលទ្ធផលនោះ មិនមែនមានន័យថា ពួកគេមានចេញរោគសញ្ញាមិនប្រក្រតីអ្វីមួយនោះទេ ជាក់ស្ដែងខាងខេត្ត មិនទាន់ទទួល បានការឆ្លើយតបពីខាងវិទ្យាស្ថាន ប៉ាស្ទ័រវិញនៅឡើយទេ។
លោក មានប្រសាសន៍ថា «ស្ថិតិពលកររួម ដែលបានឆ្លងដែន ចូលតាមច្រកព្រំដែន អន្តរជាតិ អូស្មាច់និងជាំ សរុបទាំងអស់មានចំនួន ១៥៥៥៤នាក់ ។ គិតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានយកសំណាក ទៅធ្វើតេស្ត២៣៤នាក់ ស្រី១០៩នាក់ លទ្ធផលអវិជ្ជមាន ចំនួន២២៧នាក់ ស្រី១០៥នាក់ នៅសល់៧នាក់ សំណាកមិនទាន់ទទួលបានលទ្ធផល»៕ E B