ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ណែនាំអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យអតីតអ្នកដឹក នាំសាខាអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាពរបស់ខ្លួនជាកំហិត។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ស្នើឲ្យ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យអតីតអ្នកដឹកនាំសាខា អតីតអង្គការសហគមន៍ ២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាពរបស់ខ្លួនជាកំហិត។ ក្នុងករណីអតីតអង្គការនេះ នៅតែបន្តធ្វើសកម្ម ភាព ទៀត រដ្ឋបាលខេត្តត្រូវចាត់វិធាន ការតាមច្បាប់ជាធរមាន។
សូមជម្រាប់ថា អង្គការសហគមន៍២ធ្នូ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ ចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាលរួចហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែរហូតមកដល់ពេលនេះ អតីតអង្គការសហំគមន៍២ធ្នូ នៅតែបន្តធ្វើសកម្មភាពបំពាននឹងបញ្ញត្តិមាត្រា៣២ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារ លោកសួស គាន ជាអតីតប្រធានសាខាអតីតអង្គការ សហគមន៍២ធ្នូ នៅខេត្តព្រះសីហនុ ធ្វើការផ្ទេរសិទ្ធិឲ្យលោកសួសសារ័ត្នជាប្រធានស្ដីទី ដើម្បីដឹកនាំ និងសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៕EB